កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) បានដាក់បង្ហាញនូវសព្វាវុធ និងគ្រឿងផ្គត់ផ្គង់ដ៏ច្រើនដែលរឹបអូសបានពីក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។
អាវុធដែលរឹបអូសបាននោះរួមមាន គ្រាប់បែកដៃ (RPGs) គ្រាប់បែកដៃកម្ដៅ គ្រាប់រ៉ូកែត និងអាវុធផ្សេងៗទៀត ព្រមទាំងរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលបានប្រើប្រាស់ឆ្លងកាត់ពីតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

អ៊ីស្រាអែល កំពុងរៀបចំពង្រីកការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ទៅកាន់ពាក់កណ្តាលនៃភាគខាងត្បូងតំបន់ហ្កាហ្សា ដែលឲ្យសញ្ញាដោយការបង្កើនការវាយប្រហារតាមអាកាសលើគោលដៅដែលអ៊ីស្រាអែល មើលឃើញថាជាជម្រករបស់ពួកសកម្មប្រយុទ្ធប្រដាប់អាវុធនេះ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

ប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល ដែលជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ប្រទេសនេះ។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់តំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៣.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក រួមទាំងកុមារយ៉ាងហោចណាស់ ៥.៥០០ នាក់៕