មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២០ វិច្ឆិកា ថា ជនភៀសខ្លួនមីយ៉ាន់ម៉ាមួយចំនួនដែលកំពុងស្នាក់នៅក្នុងរដ្ឋ មីហ្សូរាម (Mizoram) ភាគឦសាននៃប្រទេសឥណ្ឌា មិនព្រមវិលត្រឡប់ទៅប្រទេសកំណើតវិញទេ ព្រោះពួកគេខ្លាចថាមានការវាយប្រហារនៅក្នុងភូមិឋានរបស់ពួកគេ។

ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់បានចូលទៅក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធារបស់ពួកគេនៅជិតព្រំដែនឥណ្ឌា។
យោងតាមនគរបាលប្រចាំរដ្ឋនេះ ទាហានប្រហែល ៧៥ នាក់ត្រូវបានបញ្ជូនទៅកាន់សហភាពមីយ៉ាន់ម៉ាវិញដោយកងកម្លាំងការពារព្រំដែន អាសាម រ៉ៃហ្វល( Assam Rifles) របស់ប្រទេសឥណ្ឌា ហើយភាគច្រើននៃជនភៀសខ្លួនបានត្រឡប់ទៅវិញចាប់តាំងពីការបះបោរបានចាប់ផ្តើម។

ទោះជាយ៉ាងណា ពួកគេមួយចំនួននៅតែបារម្ភថា អាចនឹងមានការវាយប្រហារ ឬអំពើហិង្សា ច្រើនទៀតនៅក្នុង ស្រុកភូមិរបស់ពួកគេ។
យោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយជនជាតិភាគតិច និងក្រុមបះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំមកនូវការសម្របសម្រួលដែលមិនធ្លាប់មានរវាងកងកម្លាំងប្រឆាំងយោធាដែលកំពុងបង្កើនភាពប្រឈមដ៏ធំបំផុតដល់កងទ័ពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
របបសឹកដែលកំពុងក្ដោបក្ដាប់អំណាចនៅសហភាពមីយ៉ាន់ម៉ាកំពុងប្រឈមការវាយប្រហារកាន់តែខ្លាំងនៅតាមសមរភូមិជួរមុខតាមតំបន់ព្រំដែនរបស់ខ្លួន ខណៈក្រុមម្ព័ន្ធមិត្តរបស់ក្រុមបះបោរជនជាតិភាគតិច រួមជាមួយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ព្យាយាមដណ្តើមយកទឹកដី និងប្រឆាំង របបគ្រប់គ្រងរបស់យោធា៕