ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យភាគីជប៉ុនបន្តការគាំទ្រលើ សកម្មភាពវិស័យមីន ជាពិសេសពិចារណាជួយខេត្តពោធិ៍ សាត់ឱ្យក្លាយជាខេត្តអស់មីនមួយទៀត ដើម្បីសម្រេចការវិវឌ្ឍគោលដៅប្រទេសកម្ពុជាអស់មីននៅឆ្នាំ ២០២៥នោះ។
ឯកឧត្ដមបណ្ឌិត លី ធុជ បានស្នើបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទ ស្តីពីនិសព្វាវុធកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លីធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន។
ឯកឧត្ដមទេសរដ្ឋមន្រ្តីលើកឡើងថា កម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ដូច្នេះក្នុងនាមជាប្រធានកិច្ចប្រជុំកម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបថា ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង ២២ ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ ជប៉ុនចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួមទាំងអនុ សញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥។
សូមជម្រាបថា កម្ពុជាសម្រេចគោលដៅខេត្តអស់មីនចំនួន ១៤ ខេត្តហើយ ក្នុងនោះមាន ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្ត ព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ៕អត្ថបទ.ភារម្យ



