ភ្នំពេញ៖ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មី ប្រចាំនៅកម្ពុជា បានសន្យាថា ក្នុងបេសកកម្មថ្មីនេះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗចំនួន ៣ មានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាថែមទៀត និងការគាំពារប្រជាជនឥណ្ឌូណេស៊ី កំពុងរស់នៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសចូលជួបសម្ដែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងថា កម្ពុជា គឺជាដៃគូរដ៏មានសារៈសំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងបេសកកម្មនេះ បេ្តជ្ញាថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ដោយពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ ជាពិសេសតាមរយៈជំនួប និងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងតាមរយៈកិច្ចសហប្រតិបតិ្តការលើវិស័យនានា ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន ។
សម្តេចវិបុលសេនាភក្តីសង្ឃឹមថា តាមរយៈបេសកកម្មរបស់ទូតថ្មីឥណ្ឌូនេស៊ីនេះ នឹងជួយចលនា លើកទឹកចិត្តអ្នកវិនិយោគ និងធុរៈជនឥណ្ឌូណេស៊ី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ។ ទន្ទឹមនឹងនេះ តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជារីករាយស្វាគមន៍ជានិច្ច ចំពោះភ្ញៀវទេសចរឥណ្ឌូណេស៊ី មកទស្សនាកម្ពុជា ។
សម្តេច សាយ ឈុំ បានថ្លែងអំណរគុណដល់ឥណ្ឌូណេស៊ី ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍធនធាន មនុស្សកម្ពុជា ពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីកម្ពុជាមានឱកាសបន្តការសិក្សានៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានស្នើឱ្យមានការបន្ត ជួយផ្តល់អាហារូបករណ៍ផ្សេងៗបន្ថែមទៀត ក្នុងនោះផ្តល់ដល់មន្ត្រីរាជការព្រឹទ្ធសភាកម្ពុជាផងដែរ ។
ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិ ការដ៏ជិតស្និទ្ធនេះជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ហើយសម្ដេចបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត មានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ





