នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយនៅថ្ងៃអង្គារ នេះថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីពង្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ដែលវានឹងត្រូវបាននាំចូលទៅកាន់សភាក្នុងសម័យប្រជុំដែលនឹងចាប់ផ្តើមនៅខែធ្នូ។
ប្រទេសថៃ មានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងភេទទី៣ ដែលបើកចំហនិងអាចមើលឃើញភាគច្រើនបំផុតនៅអាស៊ី ប៉ុន្តែសកម្មជននយោបាយជាច្រើននិយាយថា ច្បាប់និងស្ថាប័នប្រពៃណី របស់ប្រទេសថៃ ពុំទាន់បានបង្ហាញពីការផ្លាស់ប្តូរឥរិយាបថសង្គមនៅឡើយ ហើយនៅតែរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា និងគូស្នេហ៍ភេទដូចគ្នា។
ប្រសិនបើសេចក្តីពង្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភា និងទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយជាប្រទេសទី៣នៅអាស៊ី បន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
កាលពីឆ្នាំមុន សភា បានជជែកដេញដោលលើច្បាប់ចំនួនបួន រួមទាំងសហជីពស៊ីវិលសម្រាប់គូស្នេហ៍ភេទដូចគ្នា និងសមភាពអាពាហ៍ពិពាហ៍ ប៉ុន្តែពុំបានឈានដល់ការបោះឆ្នោតចុងក្រោយមុនពេលសម័យប្រជុំបានបញ្ចប់នោះទេ។
កាលពីពេលមុន លោកសេតថា ធ្លាប់បាននិយាយដែរថា លោកមានបំណងឱ្យរាជធានីបាងកករបស់ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មោទនភាពពិភពលោក(World Pride) នៅឆ្នាំ ២០២៨។