
តុលាការអ៊ីតាលីបានកាត់ទោសសមាជិកក្រុមឧក្រិដ្ឋជនជាង ២០០នាក់ឲ្យជាប់ពន្ធនាគារសរុប ២.២០០ឆ្នាំ បន្ទាប់ពីមានការកាត់ទោសចំពោះក្រុមឧក្រិដ្ឋជនដ៏ធំបំផុតរបស់ប្រទេស ក្នុងរយៈពេល ៣ទសវត្សរ៍។
សវនាការ ដែលបានចាប់ផ្តើម ក្នុងខែមករា ឆ្នាំ២០២១ និងធ្វើឡើងនៅក្នុងទីកន្លែង ដែលសាងសង់ឡើងជាពិសេស នៅទីក្រុង Lamezia Terme ភាគខាងត្បូងប្រទេសអ៊ីតាលី ឃើញថា មានមេធាវីជាង ៤០០នាក់តំណាងឲ្យចុងចោទ និងសាក្សីប្រហែល ៩០០នាក់ បានផ្តល់សក្ខីកម្ម។
ក្រុមចៅក្រម ៣នាក់ ដែលបាននិងកំពុងពិចារណាសម្រេចជោគវាសនារបស់ជនជាប់ចោទទាំង ៣៣៨នាក់ គិតចាប់តាំងពីការកាត់ក្តី បានបញ្ចប់នៅថ្ងៃទី១៦ ខែតុលា បានប្រកាសសាលក្រម កាលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា)។ សារព័ត៌មាន Ansa របស់អ៊ីតាលី បានរាយការណ៍ថា តុលាការត្រូវចំណាយពេល ១ម៉ោង និង ៤០នាទី ដើម្បីចេញសាលក្រម។
ក្រុមជនអន្ធពាលប្រមាណ ២០៧នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ហើយជាង ១០០នាក់ ត្រូវបានសម្រេចឲ្យមានសេរីភាព។ ការកាត់ទោសឲ្យជាប់ពន្ធនាគារសរុប រួមបញ្ចូលទាំងការជាប់ទោស ១ជីវិតចំនួន ៥នាក់ និង ៣០ឆ្នាំ ចំនួន ៣នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសនោះ មានស្ត្រីចំនួន ៤២នាក់ ដែលជាចំនួនច្រើនបំផុត សម្រាប់ការកាត់ទោសក្រុមឧក្រិដ្ឋជន ដោយក្នុងនោះ ៣៩នាក់ ត្រូវបានផ្ដន្ទាទោស៕