អ៊ីស្រាអែល និងក្រុមហាម៉ាសបាននិយាយថា ពួកគេបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្នមួយ ដែលនឹងផ្អាកសង្គ្រាមរយៈពេល ៤៧ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការដោះលែងស្ត្រី និងកុមារចំនួន ៥០ នាក់ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយក្រុមដែលឃុំឃាំងដោយអ៊ីស្រាអែល។
ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៤ ថ្ងៃ អំឡុងអ៊ីស្រាអែលនឹងបញ្ឈប់ការវាយលុកពីកងកម្លាំង យោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ហើយក្រុមហាម៉ាស នឹងដោះលែង ចំណាប់ថ្នូរប្រហែល ៥០នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៤០ នាក់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលកំពុងត្រូវបានឃុំខ្លួន។ ចំណាប់ខ្មាំងដំបូងគេដែលនឹងត្រូវដោះលែង គឺស្ត្រី និងកុមារ។ ក្រុមន្ត្រីអ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរ១០ នាក់ នឹងត្រូវដោះលែងក្នុងមួយថ្ងៃនៃបទឈប់បាញ់នេះ។

ស្របពេលព័ត៌មានលម្អិតមួយចំនួននៅតែមិនបង្ហាញ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយមេដឹកនាំជាន់ខ្ពស់កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកការទូតនៅក្នុងកិច្ចពិភាក្សាដ៏តានតឹង ដែលនឹងមានការចរចាបន្ត ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការឈ្លានពាន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈបន្ធូរបន្ថយសម្ពាធលើសង្រ្គាម ដែលគំរាមកំហែងបំផ្លិចបំផ្លាញ តំបន់មជ្ឈិមបូព៌ា និងរាលដាលដល់ប្រទេសអ៊ីរ៉ង់ និងលីបង់ ជាទីដែលក្រុមយុទ្ធជន ហេសបូឡា បានបាញ់ផ្លោងលើអ៊ីស្រាអែលភាគខាងជើងអស់ជាច្រើនសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍មុនការបោះឆ្នោតអនុម័តបាននិយាយថា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ជាផ្នែកនៃកិច្ចព្រមព្រៀង ប៉ុន្តែសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលពុំបាននិយាយអំពីការដោះលែងអ្នកទោសនោះទេ។

គេមិនច្បាស់ទេថា ពេលណាបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងកាតា នឹងចូលជាធរមាន។ ជំហានចុងក្រោយដើម្បីអនុម័តកិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងវគ្គរត់ម៉ារ៉ាតុងនៃសង្រ្គាមអ៊ីស្រាអែល និងគណៈរដ្ឋមន្ត្រីសន្តិសុខ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយបានឈានចូលដល់ថ្ងៃពុធនេះ ។ សមាជិកស្តាំនិយមជ្រុលប្រកាន់តឹងបំផុតរបស់រដ្ឋាភិបាលនេះ បានប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយជាមួយក្រុមហាម៉ាស៕