
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃអង្គារ បានប្តេជ្ញាថា នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការយកឈ្នះសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយសន្យាផ្តល់ជំនួយយោធាបន្ថែមទៀតដែលមានតម្លៃ ១,៣ ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារ)។
ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា ជំនួយថ្មីនេះ គឺដើម្បីរួមបញ្ចូលប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Iris-T SLM ក៏ដូចជាគ្រាប់មីនប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងធំ ១៥៥មិលី្លម៉ែត្រ។
លោក Pistorius បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Rustem Umerov ក្នុងទីក្រុងគីវថា៖«យើងកំពុងនិយាយអំពីគ្រាប់កាំភ្លើងធំចំនួន២០.០០០គ្រាប់បន្ថែមទៀត»។
លោក Andrii Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា៖« នេះ គឺជា «កញ្ចប់ជំនួយដ៏អស្ចារ្យ»។
ការធ្វើដំណើរដោយមិនប្រកាសរបស់លោកPistorius ទៅកាន់រដ្ឋធានីអ៊ុយក្រែន បានកើតឡើង មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានសន្យាគាំទ្រអាមេរិក «សម្រាប់រយៈពេលវែងឆ្ងាយ» រួមទាំងអាវុធចំនួន១០០លានដុល្លារបន្ថែមពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក។