
ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) នេះ បានបង្ហាញពីការព្រួយបារម្ភ ជុំវិញសន្តិសុខរបស់ពួកគេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វី ដែលពួកគេអះអាងថា ជាផ្កាយរណបឈ្លបយកការណ៍។
អ្នករស់នៅក្នុងទីក្រុងសេអ៊ូលម្នាក់ គឺលោកស្រី Bae Ra-mi បាននិយាយថា លោកស្រីមានក្ដីកង្វល់អំពីការអភិវឌ្ឍរបស់កូរ៉េខាងជើងលើបច្ចេកវិទ្យាផ្កាយរណប ព្រោះវាអាចនាំឲ្យមានសង្គ្រាមនៅឧបទ្វីបកូរ៉េ ខណៈដែលអ្នកស្រុកម្នាក់ទៀតឈ្មោះ Yun Suk-min បានអំពាវនាវឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួនបានដាក់ផ្កាយរណបចារកម្មដំបូង នៅក្នុងគន្លងតារាវិថី ដោយជោគជ័យ ហើយបានបន្ថេមថា ខ្លួននឹងបាញ់បង្ហោះបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយមិនអើពើនឹងការថ្កោលទោសជាអន្តរជាតិពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
តែយ៉ាងណាក្ដី មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានរាយការណ៍ជាលើកដំបូងអំពីការបាញ់បង្ហោះនោះ បាននិយាយថា ពួកគេមិនអាចផ្ទៀងផ្ទាត់ភ្លាមៗថា តើផ្កាយរណបត្រូវបានដាក់នៅក្នុងគន្លងតារាវិថី ឬអត់នោះទេ។ ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយថា យោធាអាមេរិកនៅតែកំពុងវាយតម្លៃថា តើការបាញ់បង្ហោះនេះទទួលបានជោគជ័យ ឬក៏អត់៕