
រដ្ឋាភិបាលសហរដ្ឋអាមេរិក និយាយថា ខ្លួនកំពុងពិចារណាចាត់ទុកក្រុមបះបោរហូធី នៅប្រទេសយេម៉ែនថា ជាអង្គការភេរវករឡើងវិញ បន្ទាប់ពីពួកគេបានបំពានច្បាប់អន្តរជាតិ ដោយការប្លន់នាវាដឹកទំនិញ នៅសមុទ្រក្រហម ដោយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានបង្ហាញពីការវិវត្តន៍នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា)។
ក្រុមឧទ្ទាមហូធី បានរឹបអូសយកនាវាដឹកទំនិញ Galaxy Leader ដែលជាកម្មសិទ្ធិរបស់អង់គ្លេស កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ខណៈពេលដែលនាវាកំពុងធ្វើដំណើរនៅក្បែរប្រទេសយេម៉ែន នៅចុងភាគខាងត្បូងនៃឧបទ្វីបអារ៉ាប់។ នាវានេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Nippon Yusen ជាក្រុមហ៊ុនជប៉ុន ដែលត្រូវបានគេស្គាល់ថា NYK Line។
បន្ទាប់ពីបានធ្វើបែបនោះ ក្រុមហូធីនិយាយថា នាវានេះ គឺជានាវារបស់អ៊ីស្រាអែល ហើយថា ពួកគេនឹងបន្តកំណត់គោលដៅលើនាវាដែលជាកម្មសិទ្ធិ ឬទាក់ទងនឹងអ៊ីស្រាអែល។
លោក Kirby បានហៅការរឹបអូសនាវានេះថា ជាការរំលោភលើច្បាប់អន្តរជាតិ។ លោកបាននិយាយថា ក្រុមហូធី គួរតែដោះលែងកប៉ាល់នេះ រួមជាមួយក្រុមនាវិកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយលោកបានពន្យល់ថា ដោយមើលឃើញពីការកំណត់គោលដៅថ្មីៗលើជនស៊ីវិលរបស់ក្រុមហូធី និងឥឡូវនេះមានការប្លន់នាវានៅក្នុងដែនទឹកអន្តរជាតិនោះ សហរដ្ឋអាមេរិកបាន «ចាប់ផ្តើមពិនិត្យឡើងវិញនូវការកំណត់អត្តសញ្ញាណភេរវករ ដែលអាចកើតមាន»។
សូមរំលឹកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Donald Trump បានកំណត់ក្រុមហូធីនេះថា ជាអង្គការភេរវករ នៅក្នុងខែមករា ឆ្នាំ២០២១។ តែរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden បានលុបចោលការកំណត់នោះនៅខែបន្ទាប់ ដោយផ្ដល់ហេតុផលថា វាអាចធ្វើឲ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ នៅយេម៉ែន៕