
ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានចោទប្រកាន់បារាំងកាលពីថ្ងៃអង្គារថា បានបង្កើតលក្ខខណ្ឌសម្រាប់សង្រ្គាមថ្មីមួយ នៅតំបន់កូកាស (Caucasus) ខាងត្បូង ដោយការផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី។
លោកអាលីយ៉េវ បានប្រើសុន្ទរកថានៅក្នុងសន្និសិទស្តីពីការដកអាណានិគម នៅទីក្រុងបាគូ ដើម្បីបង្ហាញពីទិដ្ឋភាពដ៏អាក្រក់ប្រឆាំងនឹងប្រទេសបារាំង ដែលបាននិយាយកាលពីខែមុនថា ខ្លួនបានយល់ព្រមលើកិច្ចសន្យាថ្មី ដើម្បីផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ដល់ប្រទេសអាមេនី។
លោកបាននិយាយទៀតថា៖«ប្រទេសបារាំងធ្វើឲ្យមានអស្ថិរភាពមិនត្រឹមតែអាណានិគមអតីតកាល និងបច្ចុប្បន្នរបស់វាប៉ុណ្ណោះទេ ថែមទាំងតំបន់របស់យើងផងដែរ គឺតំបន់កូកាសខាងត្បូង ដោយគាំទ្រនិន្នាការផ្តាច់ខ្លួន និងក្រុមបំបែកខ្លួន ។
«តាមរយៈការផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី វាអនុវត្តគោលនយោបាយយោធានិយម លើកទឹកចិត្តកងកម្លាំងនៅក្នុងប្រទេសនេះ និងរៀបចំមូលដ្ឋានសម្រាប់ការចាប់ផ្តើមនៃសង្រ្គាមថ្មីនៅក្នុងតំបន់របស់យើង»។
ជាការឆ្លើយតប ប្រភពការទូតបារាំង បាននិយាយថា ដោយមានដៃគូអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រទេសបារាំង កំពុងធ្វើការឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅតំបន់កូកាសភាគខាងត្បូង ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព និងព្រំដែន។