
ប៉ូឡូញ និងសាធារណរដ្ឋឆេក បានបន្តការគ្រប់គ្រងបណ្តោះអាសន្ន នៅតាមព្រំដែនរបស់ពួកគេជាមួយ ស្លូវ៉ាគី រហូតដល់ថ្ងៃទី៣ ខែធ្នូ និងថ្ងៃទី៣ខែមករា រៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ជនអន្តោប្រវេសន៍ ដើម្បីចូលពីទឹកដីស្លូវ៉ាគី។
ស្លូវ៉ាគី ជាប្រទេសឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន ដែលចង់ទៅដល់អឺរ៉ុបខាងលិច ជាពិសេសអាល្លឺម៉ង់ បន្ទាប់ពីឆ្លងចូលទៅក្នុងសហភាពអឺរ៉ុប តាមរយៈប្រទេសហុងគ្រី ពីស៊ែរប៊ី ដែលមិននៅក្នុងសហភាពអឺរ៉ុប។
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានមកដល់ប្រទេសស្លូវ៉ាគីក្នុងឆ្នាំនេះលើសពី៤៦.០០០នាក់ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ដែលជាការកើនឡើងច្រើនជាង៦ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
បទប្បញ្ញត្តិដែលចេញដោយក្រសួងកិច្ចការផ្ទៃក្នុង និងរដ្ឋបាលរបស់ប្រទេសប៉ូឡូញ បានឲ្យដឹងថា៖«ការគ្រប់គ្រងព្រំដែន ... នឹងត្រូវបានបន្តដល់រយៈពេល ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣»។