ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ២៣ វិច្ឆិកា បាននិយាយថា ពួកគេសប្បាយចិត្តដែលបទឈប់បាញ់រយៈពេល ៤ ថ្ងៃ នឹងចាប់ផ្តើមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយចំណាប់ថ្នូរនឹងត្រូវដោះលែងពីហ្កាហ្សា ប៉ុន្តែបាននិយាយថា ពួកគេចង់ឱ្យចំណាប់ខ្មាំងទាំងអស់វិលត្រលប់មកផ្ទះវិញ។

អ្នកតវ៉ាម្នាក់ គឺ អ្នកស្រី ហ្សានី ហ្គោលែន (Shani Golan) បាននិយាយនៅឯពិធីបួងសួងឲ្យមានការដោះលែងចំណាប់ខ្មាំងក្បែរក្រសួងការពារជាតិថា អ្នកស្រីសប្បាយចិត្តណាស់ ព្រោះយើងបានរង់ចាំដំណឹងនេះជាយូរមកហើយ ។

អ្នកស្រីបន្ថែមថា ម្យ៉ាងវិញទៀត អ្នកដឹងហើយថា យើងមានចំណាប់ខ្មាំងកាន់តែច្រើននៅទីនោះ ហើយ ការសន្យាដោះលែងមនុស្សត្រឹមតែ១៣នាក់ គឺតិចតួចខ្លាំងណាស់បើធៀបទៅនឹងចំនួន ដែលយើងចង់ទទួលបានមកវិញ។

ក្រុមអ្នកសម្របសម្រួលបទឈប់បាញ់រយៈពេលខ្លីនៅក្នុងប្រទេសកាតា បាននិយាយថា អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ ថ្ងៃ ព្រឹកនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដែលនឹងមានក្រុមទីមួយនៃចំណាប់ខ្មាំងស្ត្រី និង កុមារ អ៊ីស្រាអែល ចំនួន១៣ នាក់ដែលត្រូវបានដោះលែងនៅពេលក្រោយនៅថ្ងៃនោះ។
ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា កិច្ចព្រមព្រៀងជាលើកដំបូងនៅក្នុងសង្គ្រាមដ៏ព្រៃផ្សៃ ដែលមានរយៈពេលជិត៧សប្តាហ៍ មកហើយនោះ នឹងចាប់ផ្តើមនៅម៉ោង៧ ព្រឹកម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា៕