អុីស្រាអែល ៖ ចាប់តាំងពីជម្លោះជុំថ្មីបានចាប់ផ្តើមកាលពីប្រាំពីរសប្តាហ៍មុនមក សង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា មានគោលបំណងសំខាន់ពីរ គឺដើម្បីដកក្រុមហាម៉ាស ចេញពីអំណាចនៅក្នុងតំបន់ឡោមព័ទ្ធនេះ និងរំដោះចំណាប់ថ្នូរ ដែលក្រុមហាម៉ាសបានចាប់ខ្លួនក្នុងអំឡុងពេលនៃការសម្លាប់រង្គាលរបស់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីកិច្ចចរចាដោយប្រយោលជាច្រើនសប្តាហ៍ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀងមួយជាមួយក្រុមហាម៉ាស ដោយមានការដោះលែងចំណាប់ថ្នូរ ៥០នាក់ នៅក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល។
អ៊ីស្រាអែល ត្រូវបញ្ឈប់សង្គ្រាមជាបណ្ដោះអាសន្ន ហើយនឹងប្រឈមសម្ពាធខ្លាំងក្នុងការមិនឱ្យបន្តសង្គ្រាមនេះឡើងវិញ។ ទោះជាយ៉ាងណាក្ដី អ៊ីស្រាអែល នៅតែរក្សាគោលបំណងរបស់ខ្លួន ដោយបានប្ដេជ្ញាថា ត្បិតកិច្ចព្រមព្រៀងចំណាប់ថ្នូរត្រូវបានអនុវត្តក៏ដោយ ប៉ុន្តែសង្រ្គាមរបស់អ៊ីស្រាអែល នៅមិនទាន់បញ្ចប់នោះទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ភ្លាមៗមុនពេលគណៈរដ្ឋមន្ត្រីរបស់លោកបានយល់ព្រមកាលពីព្រឹកថ្ងៃពុធ ចំពោះកិច្ចព្រមព្រៀងនេះថា៖ «យើងកំពុងតែមានសង្គ្រាម ហើយយើងនឹងបន្តសង្គ្រាមទៀត»។
ពាក្យសម្ដីរបស់លោកបង្ហាញពីការខកចិត្តដល់ប្រទេសជាច្រើន ចាប់ពីពិភពអារ៉ាប់ រហូតដល់អឺរ៉ុប ដែលបានជំរុញឱ្យមានបទឈប់បាញ់រយៈពេលខ្លីក្នុងក្តីសង្ឃឹមថាវានឹងនាំទៅការបញ្ឈប់សង្រ្គាមដែលយូរអង្វែងជាងនេះ៕

