ប៉ាឡេស្ទីន ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកាតាបានជម្លៀសដោយជោគជ័យជនប៉ាឡេស្ទីន ២០នាក់ ដែលកាន់សញ្ជាតិកាតា មកពីតំបន់ហ្គាហ្សាស្រ្ទីបញាំញីដោយភ្លើងសង្រ្គាម កាត់តាមទីក្រុង Al-Arish របស់អេហ្ស៊ីប ។
ក្រសួងការបរទេសកាតា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីនមួយក្រុមនេះ ដែលបានជម្លៀសខ្លួនដោយមានការសម្របសម្រួលជាមួយអេហ្ស៊ីប ត្រូវបានមកទទួលដោយរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិកាតាលោក Lolwah Rashid Al Khater ។
ពួកគេនិយាយថា ជំហាននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំមនុស្សធម៌របស់កាតា នៅតំបន់ហ្គាហ្សា ដើម្បីការពារជនស៊ីវិល និងផ្តល់ការគាំទ្រចាំបាច់ដល់ពួកគេ ។
ពួកគេនិយាយទៀតថា អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ ថ្ងៃ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដែលនឹងមានក្រុមទីមួយនៃចំណាប់ថ្នូរស្ត្រី និងកុមារអ៊ីស្រាអែល ចំនួន១៣ នាក់ដែលត្រូវដោះលែងនៅថ្ងៃនេះ ។
កាលពីពេលថ្មីៗនេះ កាតា បានបញ្ជូនយន្តហោះយោធាជាច្រើនលើក ដើម្បីដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា កាត់តាមប្រទេសអេហ្ស៊ីប ៕

