អេហ្សីប ៖ នៅថ្ងៃសុក្រនេះ រថយន្តដឹកជំនួយមនុស្សធម៌ បានបើកចូលតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ចេញពីប្រទេសអេហ្ស៊ីប កាត់តាមច្រកព្រំដែន Rafah ពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់ផ្តើមបទឈប់បាញ់ ។
ការផ្អាកសង្រ្គាមលើកដំបូងក្នុងការប្រយុទ្ធគ្នារយៈពេល ៤៨ថ្ងៃ បានចាប់ផ្តើមនៅវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុកថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបទឈប់បាញ់ទូលំទូលាយនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្គាហ្សា ការដោះលែងចំណាប់ថ្នូរស្រ្តី និងកុមារអ៊ីស្រាអែល ១៣នាក់ ដែលត្រូវបានចាប់ដោយក្រុមជីវពលហាម៉ាស់ ក្នុងថ្ងៃនេះ ហើយនិងអនុញ្ញាតឲ្យជំនួយហូរចូលដែនដីឡោមព័ទ្ធហ្គាហ្សា ។
អេហ្ស៊ីប និយាយថា ប្រេងម៉ាស៊ូត ១៣ម៉ឺនលីត្រ និងរថយន្តដឹកហ្គាស ៤គ្រឿង នឹងត្រូវចែកចាយជារៀងរាល់ថ្ងៃទៅកាន់តំបន់ហ្គាហ្សា អំឡុងពេលនៃបទឈប់បាញ់ ហើយរថយន្តដឹកជំនួយមនុស្សធម៌ ២០០គ្រឿង នឹងត្រូវចូលទៅក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃផងដែរ ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងដែលខិតជិតដល់បទឈប់បាញ់ ដោយក្រុមមន្ត្រីនៅខាងក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្គាហ្សា ស្ថិតក្នុងចំណោមគោលដៅទម្លាក់គ្រាប់បែក។ ភាគីទាំងពីរក៏បាននិយាយថា ការផ្អាកសង្រ្គាមនេះមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត៕

