ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានរៀបចំពិធីគោរពវិញ្ញានក្ខន្ធដល់ជនរងគ្រោះជាអ្នកជំនាញការកសិកម្មខ្មែរ និងសហភាពសូវៀតចំនួន៩នាក់ ដែលបាត់បង់អាយុជីវិតដោយសារការសម្លាប់ពីក្រុមឧទ្ទាមខ្មែរក្រហម។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Antoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះចំនួន៩រូប មានមន្រ្តីកសិកម្មខ្មែរម្នាក់ និងអ្នកជំនាញការសូវៀតចំនួន៨នាក់ ក្នុងព្រឹត្តិការណ៍ដ៏ឃោឃៅរបស់ក្រុមខ្មែរក្រហម កាលពីឆ្នាំ១៩៨៣។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវសមានទុក្ខ និងក្ដីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយស្ថានទូត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ជាពិសេសជាមួយក្រុមគ្រួសាររបស់អ្នកជំនាញការផ្នែកកសិកម្មទាំង៩រូប ដែលបានពលីជីវិតយ៉ាងអាណោចអាធ័មបំផុត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ នៅក្នុងព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធដ៏គួរឱ្យរន្ធត់ ដោយក្រុមទាហានខ្មែរក្រហម ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យស្ថានីយពិសោធន៍ដំណាំកប្បាស នៅឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ឯកឧត្តម មានប្រសាសន៍ទៀតថា ថ្វីត្បិតតែលោកអ្នកទាំង៩រូបបានទទួលមរណភាពតាំងពី៤០ឆ្នាំ មុនក្តី ប៉ុន្តែការរួមចំណែក និងគំរូវីរភាពរបស់លោកអ្នកទាំងនោះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋទាំងអស់គ្នាជានិច្ច ហើយការជួបជុំគ្នានៅទីនេះនាពេលនេះ គឺជាសក្ខីភាពនៃការចងចាំ និងការដឹងគុណរបស់ចំពោះអ្នកជំនាញការកសិកម្មទាំង៩រូប។

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធបានបញ្ចប់ ថ្នាក់ដឹកនាំក្រសួង និងតំណាងស្ថានទូតសហព័ន្ធរុស្ស៊ី បានអញ្ជើញដល់ទីតាំងដែលអ្នកជំនាញការទាំង៩ត្រូវបានក្រុមបានក្រុមខ្មែរក្រហមសម្លាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលចងចាំព្រឹត្តិការណ៍នោះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសន្តិភាពដែលបានមកដោយការលំបាកពីសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល នៃអតីតសហភាពសូវៀត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្សីបច្ចុប្បន្ន ចំពោះការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គ្រានោះប្រជាជនកម្ពុជាកំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរបំផុត និងខ្វះខាតសព្វគ្រប់បែបយ៉ាងក្នុងជីវភាពប្រចាំថ្ងៃ ដោយដៃម្ខាងត្រូវបន្តប្រយុទ្ធដើម្បីទប់ស្កាត់ការវិលត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដៃម្ខាងទៀតត្រូវខិតខំស្ការនិងកសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់នៃសង្គ្រាម និងរបបសាហាវព្រៃផ្សៃយង់ឃ្នង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕ អត្ថបទ៖ សេក ឧត្តម


