ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកន្លែងពិធីកម្សាន្តសប្បាយជាច្រើនកន្លែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប និងដើម្បីទាក់ទាញអ្នកទេសចរ ព្រមទាំងផ្ដល់សេដ្ឋកិច្ចដល់ពលរដ្ឋនៅខេត្ដសៀមរាប។ ទីតាំងកម្មវិធីនេះ ស្ថិតនៅដងស្ទឹងសៀមរាប ជិតតំបន់ផ្សារចាស់ ផ្សារផប់ស្ទ្រី ។

លោក ខុម ក្រឹម ប្រធានក្រុមកាងាររដ្ឋបាលខ្លឹមសារ បានឱ្យដឹងថា កម្មវិធីកំសាន្ដសប្បាយនេះ រួមមាន ជិះទូកកំសាន្ដដែលមានទូក៨០ទូក ការប្រណំាងទូកមិត្ដភាពរបស់យុវជន តោះៗលេងទឹក ជិះកង់លើទឹក ដើរលើខ្សែពួរ ស្ដង់ពិព័រណ៌ម្ហូបអាហារ តាមដងស្ទឹងសៀមរាប ផ្សារទឹក ប្រគំតន្ដ្រីរាំបាញ់ទឹក កញ្ញាធ្លាក់ទឹក និងកម្មវិធីជាច្រើន ដែលបានរៀបចំជិតរួចរាល់ហើយ។ ការរៀបចំនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែមទាំងវាអាចជួយឱ្យមានសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដទេសចរណ៍នោះផងដែរ ។

លោកបានអំពាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទៅកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប។ ព្រឹត្តការណ៍នេះ និងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាបឲ្យកាន់តែច្រើនឡើងៗ ខណៈដែលខេត្ដមួយនេះ បានអភិវឌ្ឍន៍នូវសោភណ្ឌភាពទីក្រុងយ៉ាងស្រស់ស្អាត។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្ដសៀមរាបនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដោយមានប្រណាំងទូក-ងចំនួន៣២គូរ ក្នុងនោះទូកង នារីមានចំនួន៣គូរផងដែរ៕ អត្ថបទ៖ ឈិត សាវី






