ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ បានដឹកនាំយុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង ខាណា និងHACC ចុះផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនមកចូលរួមលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។
ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់, ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និង ជីវិតស្រស់ថ្លារបស់យុវវ័យ និងអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយ អ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ ទាំងនេះគឺជាសារអប់រំ របស់យុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា និងអង្គការដៃគូធ្វើការផ្សព្វផ្សាយ អប់រំយុវជនទៅកាន់សាធារណជន និងមហាជនក្នុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២៦ដល់២៨ខែវិច្ឆិកាឆ្នាំ ២០២៣។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង លោកបានដឹកនាំក្រុមយុវជន និងបុគ្គលិកដើរផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានក្រុមយុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា៣០០នាក់ចុះអប់រំ លើកពាក្យស្លោក និងអានសាអប់រំស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងនៅតាមគោលដៅសំខាន់ៗ។
ឧត្តមសេនីយ៍ឯកលឹម តុងហួត បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អង្គការកសាង ខាណា Hacc បានសហការជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈបញ្ជូនក្រុមយុវជន និងបុគ្គលិក មកចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដល់សាធារណជនពីគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន «សូមអរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានជួយផ្តល់កម្លាំង យុវជនកាយរិទ្ធ កាកបាទក្រហមក្នុង១ថ្ងៃ១០០នាក់ មានរយៈពេល៣ថ្ងៃសរុប៣០០នាក់ និងអង្គការដៃគូ១០០នាក់ និងLOLC ឧបត្ថម្ភការបោះពុម្ពផ្សាយ ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូក ២០២៣នេះ។
សម្រាប់នៅក្នុងឱកាសបុណ្យអុំទូកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយក្រុមប្រគំតន្ត្រីធំៗទាំងអស់ដើម្បីឱ្យពិធីករពិធីការនីជួយផ្សព្វផ្សាយអប់រំនូវសាអប់រំពីគ្រឿងញឿនផងដែរ។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ៕