រដ្ឋមន្ត្រីការបរទេសលីបង់ បាននិយាយថា ចក្រភពអង់គ្លេស មានកាតព្វកិច្ចរារាំងអ៊ីស្រាអែលក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស ដោយសារតែគោលនយោបាយសម័យអាណានិគម បានជួយបង្កើតជម្លោះនៅក្នុងតំបន់នេះ។

លោក អាបដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) បានព្រមានប្រឆាំងនឹងការលម្អៀងដែលគាំទ្រអ៊ីស្រាអែល និងបានជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស ចាត់វិធានការ «កម្រិតមធ្យមបន្ថែមទៀត» ដើម្បីជួយនាំមកនូវសន្តិភាពយូរអង្វែង។

លោក បានថ្លែងប្រាប់សារព័ត៌មាន The Telegraph ថា៖ «ចក្រភពអង់គ្លេស ទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងនៅពេលនេះ តាមរយៈសេចក្តីប្រកាស Balfour ខណៈដែលលោកបានអំពាវនាវឲ្យចក្រភពអង់គ្លេសគ្រប់គ្រងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក កំពុងនិយាយសំដៅទៅលើសេចក្តីប្រកាស Balfour ឆ្នាំ១៩១៧ ដែលនាំឲ្យអង់គ្លេសគ្រប់គ្រងលើប៉ាឡេស្ទីន និងបានចាក់គ្រឹះសម្រាប់រដ្ឋទំនើបរបស់អ៊ីស្រាអែល។
លោក ប៊ូ ហាប៊ីប បាននិយាយថា ការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងជម្លោះបច្ចុប្បន្ន បង្ហាញពីរបៀបដែលប្រទេសនេះ នៅតែ«គាំទ្រអ៊ីស្រាអែល»។