បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបបានបន្តកាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានពន្យារពេលពីរថ្ងៃបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរដោយក្រុមសកម្មប្រយុទ្ធ និងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀតត្រូវបានដោះលែងដោយអ៊ីស្រាអែល។

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា ពួកគេបានយល់ព្រមលើបញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីនថ្មី ដែលត្រូវដោះលែង ប្រសិនបើក្រុមហាម៉ាស គោរពការសន្យារបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ហើយអ៊ីស្រាអែលមានបញ្ជីឈ្មោះពីក្រុមហាម៉ាសនៃចំណាប់ថ្នូរដែលខ្លួនគ្រោងនឹងដោះលែងនៅពេលក្រោយ។

យោងតាមអ៊ីស្រាអែល មនុស្សប្រហែល ១៧០ នាក់នៅតែជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនោះទេ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងបន្តធ្វើការបន្ថែមទៀតនៅក្នុងបទឈប់បាញ់ ហើយថាពួកគេនឹងបន្តជំរុញការចរចារហូតដល់មនុស្សទាំងអស់ត្រូវបានដោះលែង។

មន្ត្រីក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ CBS News កាលពីថ្ងៃអង្គារថា ក្រុមនេះដែលត្រូវបានចាត់ទុកជាយូរមកហើយថាជាអង្គការភេរវករដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសជាច្រើនផ្សេងទៀត កំពុងសម្លឹងរកការចរចាថ្មីមួយបន្ថែមទៀតនៃការផ្អាកប្រយុទ្ធក្នុងអំឡុងដែលខ្លួននឹងដោះលែងមិន ត្រឹមតែស្ត្រី និងកុមារប៉ុណ្ណោះទេ ខណៈបានដោះលែងជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក ប៉ុន្តែក៏មានចំណាប់ខ្មាំងជាបុរស និងទាហានអ៊ីស្រាអែលដែលត្រូវបានចាប់ពង្រត់ ផងដែរ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃអង្គារ លើការចរចាណាមួយសម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយក្រុមហាម៉ាស៕