បាត់ដំបង ៖ ចូលខែមិថុនានេះ ចំនួនពលរដ្ឋធ្វើចត្តាឡីស័ក បានមានការកើនឡើង នៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបង មានទាំងពលករ ទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកវិជ្ជមានកូវីដ-១៩ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតែរកឃើញជាបន្តបន្ទាប់។
របាយការណ៍របស់រដ្ឋបាលខេត្ត បានបង្ហាញថា បច្ចុប្បន្ន ក្នុងខេត្តបាត់ដំបង មានអ្នកធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ចំនួនជាង២ពាន់៧០០នាក់ ខណៈកាលពីថ្ងៃទី១៣ ខែមិថុនា មានពលករត្រឡប់ មកពីប្រទេសថៃ ឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង ចំនួន១៣៥នាក់ និងពលករ ដែលជាអ្នករស់ នៅខេត្តបាត់ដំបង ចំនួន៩៣នាក់ ត្រូវបានបញ្ជូនមកពីខេត្តប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបង មានទាំងអ្នករស់នៅក្នុងខេត្ត ហើយបើមានអ្នកនៅខេត្តផ្សេងៗ ចេញមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ត្រឹមចំនួនតិចតួច ឲ្យធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបង តែបើចំនួនច្រើន នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅខេត្តរបស់ពួកគេ។
របាយការណ៍ របស់រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា អាជ្ញាធរខេត្ត បានកំណត់មុខសញ្ញាអ្នកពាក់ ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងយកសំណាក ចំនួនជាង៣ពាន់នាក់ ដែលជាលទ្ធផល វិជ្ជមាន២៧៥នាក់ ហើយចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួនសរុប៥៣១នាក់ ព្យាបាលជាសះស្បើយ ១៩៥នាក់ ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល ៣៣៤ នាក់។
រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៥៣១នាក់ ក្នុងនោះ មានចំនួន៩នាក់ បានរកឃើញកាលពីម្សិលមិញ ហើយអ្នកជាសះស្បើយចំនួនចំនួន៣នាក់៕
អត្ថបទ៖ បាន សុខរិទ្ធ