ភ្នំពេញ ៖ អ្នកនាង រស់ រតនៈ ដែលមានរហ័សនាមថា Chef Nak បានក្លាយជាចុងភៅស្រ្តីខ្មែរដំបូងគេដែលទទួលបាន "ពានរង្វាន់អូស្ការ" ក្នុងវិស័យម្ហូបអាហារតាមរយៈសៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក។ យោងតាមសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះនាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានខ្លឹមសារដូចខាងក្រោមនេះ៖
«ខ្មែរធ្វើបានហើយ ! ! !
យើងទទួលបានជ័យលាភី "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក" ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង "សោយ" ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា "ពានរង្វាន់អូស្ការ" ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ ។»















