ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញា «បង្កើន និងធ្វើឲ្យមាននិរន្តរភាព» ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅដល់តំបន់ហ្កាហ្សា។

លោក Herzog បានថ្លែងដូចនេះ ខណៈធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់ Nitzana នៅព្រំដែនប្រទេសអ៊ីស្រាអែល-អេហ្ស៊ីប ជាកន្លែងដែលរថយន្តដឹកជំនួយជាច្រើនគ្រឿងត្រូវបានគេនិយាយថា មានដឹកអាហារ ទឹក សម្ភារៈទីជម្រក និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ត្រូវបានដាក់ចត មុនពេលឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា។
លោកប្រធានាធិបតី បាននិយាយថា រថយន្តដឹកទំនិញ ក្នុងចំនួនដ៏ច្រើន កំពុងធ្វើដំណើរចូលទៅក្នុងហ្កាហ្សា ដោយមានជំនួយមនុស្សធម៌។

កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីសប្តាហ៍មុន បានអនុញ្ញាតឱ្យអង្គការសុខភាពពិភពលោក(WHO) និងអង្គការផ្តល់ជំនួយ បង្កើនការដឹកជញ្ចូនការផ្គត់ផ្គង់សំខាន់ៗរបស់ពួកគេ ប៉ុន្តែទាំងនេះនៅឆ្ងាយពីការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា។