
អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ១,៨ លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ដោយសារតែជម្លោះកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។
របាយការណ៍ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ជនភៀសខ្លួនទាំងនោះមានចំនួនជិត ៨០ ភាគរយ នៃចំនួនប្រជាជនសរុបនៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។
របាយការណ៍ក៏បានចង្អុលបង្ហាញថា បរិមាណនៃជំនួយមនុស្សធម៌ដែលបានទៅដល់តំបន់ហ្កាហ្សា ស្រ្ទីប មកទល់ពេលនេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈដែលរថយន្តដឹកទំនិញ ជំនួយមនុស្សធម៌សង្គ្រោះជីវិតបានបន្តមទៅកាន់តំបន់នេះ ពីប្រទេសអេហ្ស៊ីប តាមច្រកព្រំដែនរ៉ាហ្វាហ្វ។
ទន្ទឹមនឹងនេះ ដោយមានការថយចុះនៃអនាម័យក្នុងតំបន់ហ្កាហ្សា ស្រ្ទីប មានការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺឆ្លង ដូចជារាគ ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ រលាកស្បែក ដោយបន្ថែមថាក៏មានរបាយការណ៍ដំបូងនៃការផ្ទុះឡើងនៃជំងឺរលាកថ្លើមផងដែរ៕