
នគរបាលអ៊ីស្រាអែល បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអ្នកវាយប្រហារជនជាតិប៉ាឡេស្ទីន ២នាក់ បានបើកការបាញ់ប្រហារនៅចំណតរថយន្តក្រុងមួយ អំឡុងម៉ោងមានចរាចរយ៉ាងមមាញឹក នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នៅច្រកចូលទីក្រុងហ្សេរុយសាឡិម។
នគរបាលបាននិយាយថា៖ «ភេរវករបានមកដល់កន្លែងកើតហេតុដោយរថយន្ត នៅពេលព្រឹក ដោយមានកាំភ្លើងវែងម៉ាក M-16 និងកាំភ្លើងខ្លីមួយដើម ហើយភេរវករនោះបានចាប់ផ្តើមបាញ់ប្រហារទៅលើជនស៊ីវិល មុនពេលដែលបន្ទាប់មកត្រូវបានបាញ់សម្លាប់ នៅកន្លែងកើតហេតុតែម្ដង»។
នគរបាលបានបន្ថែមថា ខ្មាន់កាំភ្លើងមកពីទីក្រុងសហ្សេរុយសាឡិមខាងកើត ហើយត្រូវបានរារាំងដោយទាហានក្រៅកាតព្វកិច្ច និងជនស៊ីវិលម្នាក់ទៀត ដែលនៅក្បែរនោះ។
ខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលចាក់ផ្សាយដោយទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានបង្ហាញពីពេលវេលានៃការវាយប្រហារនើ។ គេឃើញរថយន្តពណ៌សមួយគ្រឿងឈប់នៅក្បែរចំណតរថយន្តក្រុងដែលមានមនុស្សកកកុញ។ បន្ទាប់មក បុរស ២នាក់ បានចុះពីរថយន្តនោះ ដកកាំភ្លើង ហើយរត់សំដៅទៅកាន់ហ្វូងមនុស្ស ខណៈមនុស្សម្នារត់ប្រសេចប្រសាច។ បន្តិចក្រោយមក អ្នកបាញ់ប្រហារប៉ាឡេស្ទីននោះ ត្រូវបានបាញ់សម្លាប់។
អំពើហិង្សានេះ បានកើតឡើងស្របពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេល ៦ថ្ងៃរបស់ភាគីទាំង២ នៅតំបន់ហ្កាហ្សា ដោយបន្ថែម ១ថ្ងៃទៀត ដើម្បីអនុញ្ញាតឲ្យអ្នកចរចាបន្តធ្វើការលើកិច្ចព្រមព្រៀង ដើម្បីដោះដូរចំណាប់ថ្នូរ ដែលឃុំខ្លួន នៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរសមុទ្រ ជាមួយអ្នកទោសប៉ាឡេស្ទីន៕