
ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) នេះ បានច្រានចោលការអះអាងរបស់ហ្វីលីពីន ដែលថា យន្តហោះចម្បាំងរបស់ប្រទេសចិន បានហោះកាត់ ក្នុងពេលដែលប្រទេសហ្វីលីពីន និងអូស្ត្រាលី ធ្វើការល្បាតរួមគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែថា អ្វីដែលហ្វីលីពីនបានលើកឡើងគឺ «គ្មានមូលដ្ឋាន» និង «ជារឿងមិនពិត»។
ទីក្រុងម៉ានីលបានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា យន្តហោះចម្បាំងរបស់ចិន ២គ្រឿង ត្រូវបានឃើញ «ហោះជុំវិញ» យន្តហោះហ្វីលីពីន ដែលចូលរួមក្នុងការល្បាតជាមួយអូស្ត្រាលី នៅសមុទ្រចិនខាងត្បូង ប៉ុន្តែមិនបង្កឲ្យមានឧបទ្ទវហេតុអ្វីឡើយ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា អ្វីដែលហ្វីលីពីនបាននិយាយ គឺជាការឃោសនាបំភ័ន្តទាំងស្រុង៕