ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីដោះស្រាយការផ្លាស់ប្តូរសុខភាព។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់វិមានប្រធានាធិបតី បាននិយាយថា លោកប្រធានាធិបតី បានជួបជាមួយលោក ប៉ាលីថា ហ្គុនណារតនា ម៉ាហ៊ីប៉ាឡា (Palitha Gunarathna Mahipala) អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសប៉ាគីស្ថាន ហើយបានកោតសរសើរចំពោះតួនាទីរបស់អង្គការសុខភាពពិភពលោក(WHO) ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមរបស់ប្រទេសប៉ាគីស្ថាន និងផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្សេងៗទៀត។
លោក Alvi បានបញ្ចាក់លើតម្រូវការក្នុងការបង្កើតការយល់ដឹងអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត និងការប្រឹក្សាយោបល់ដំបូងនៅកម្រិតគ្រួសារ។
លោកប្រធានាធិបតី និយាយថា ការបង្កើតប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្ត និងការលើកកម្ពស់លទ្ធភាពទទួលបានរបស់ប្រជាជន ចំពោះសេវាកម្មសុខភាពផ្លូវចិត្តប្រកបដោយគុណភាពនៅក្នុងប្រទេសប៉ាគីស្ថានតម្រូវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក។
លោក Mahipala បានលើកឡើងពីតួនាទីរបស់អង្គការសុខភាពពិភពលោក(WHO) ក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសប៉ាគីស្ថាន ដោយលោកនិយាយថា អង្គការសុខភាពពិភពលោក នឹងបន្តគាំទ្រប្រទេសប៉ាគីស្ថាន ក្នុងការធ្វើឲ្យប្រសើរឡើងសុខភាពប្រជាជនរបស់ខ្លួន។