
ទីក្រុងដ៏ធំជាងគេបំផុតរបស់ប្រទេសប៉ាគីស្ថាន គឺ Karachi (ការ៉ាជី) បានបន្តជួបប្រទះនឹងបញ្ហាផ្សែងពុល នៅថ្ងៃសុក្រ (ទី១ ខែធ្នូ) នេះ ខណៈដែលអ្នកស្រុក និងវេជ្ជបណ្ឌិត បានបង្ហាញនូវការព្រួយបារម្ភអំពីសុខភាព ដែលកើតឡើងពីការបង្កកខ្វក់បរិយាកាសនេះ។
យោងទៅតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា ទីក្រុងនេះ នៅថ្ងៃសុក្រនេះ បានជាប់នៅចំណាត់ទី៤ ក្នុងបញ្ជីពេលវេលាជាក់ស្តែងនៃទីក្រុង ដែលរងនូវបំពុលធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានសន្ទស្សន៍គុណភាពខ្យល់ ១៨០ នៅក្នុងរង្វង់ម៉ោង ១២:៣០នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:៣០នាទី ម៉ោងសកល) ដែលត្រូវបានចាត់ថ្នាក់ថា ជាគុណភាពខ្យល់ «មិនល្អ»។
សន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិតចន្លោះពី ១០១ ទៅ ២០០ ត្រូវបានចាត់ទុកថា «មិនល្អ» ជាពិសេសសម្រាប់ក្រុមមនុស្សងាយរងគ្រោះ ខណៈពេលដែលសន្ទស្សន៍គុណភាពខ្យល់ ចន្លោះពី ២០១ ទៅ ៣០០ ត្រូវបានចាត់ទុកថា «មិនល្អខ្លាំង» ហើយលើសពី ៣០០ គឺ «បង្កគ្រោះថ្នាក់»។
ជារៀងរាល់ឆ្នាំ នៅមុនរដូវរងា ផ្សែងអ័ព្ទកើតមាននៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសប៉ាគីស្ថាន ក្នុងនោះរួមទាំងទីក្រុងការ៉ាជី និង Lahore (ឡាហ័រ) នៅពេលដែលខ្យល់ត្រជាក់ បានជាប់ទៅដោយការបំពុលពីប្រភពនានា ដែលរួមមានពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម៕