ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ពោធបើកពិព័រណ៍រូបថត ក្រោមប្រធានបទ "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង" នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរខ្លែងខ្មែរ។
លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងក្នុងរបាយកាណ៍ថា ពិព័រណ៍រូបថតដែលនឹងបើកសម្ពោធ ថ្ងៃនេះមានគោលបំណងសំខាន់បីគឺ៖ (១). អបអរសាទរខួប៣១ឆ្នាំ នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (២). រំលឹកស្នាដៃរបស់អ្នកជំនាញថតរូបជប៉ុនឈ្មោះ Baku Saito ដែលបានផ្តិតយករូបភាពសំខាន់ៗ នៃរមណីយដ្ឋានអង្គរកាលពីជាង៣០ឆ្នាំមុន និង (៣) បើកឱកាសឱ្យយុវជនបានទស្សនាសិក្សាស្វែងយល់ពីឯកសាររូបថតដ៏សំខាន់ពាក់ព័ន្ធនឹងអង្គរកាលពី ៣ទសវត្សរ៍កន្លង។ ដូច្នេះគ្រប់ផ្ទាំងរូបថតដែលដាក់តាំង បង្ហាញពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងជាស្នាដៃដ៏វិចិត្រក្នុងវិស័យសិល្បៈថតរូប ផ្តិតយកទិដ្ឋភាព សំខាន់ៗនៃប្រាសាទក្នុងតំបន់អង្គរ សម្រាប់ការសិក្សាស្វែងយល់ទូទៅ ជាពិសេសអំពីស្ថានភាពប្រាសាទបុរាណ ក្រោយសង្គ្រាមធៀបនឹងលទ្ធផលសព្វថ្ងៃ ក្រោមការខិតខំប្រឹងប្រែងថែទាំ ជួសជុល អភិរក្សរបស់អ្នកជំនាញខ្មែរ និង បរទេស។
នាឱកាសឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង” គឺជាប្រធានបទល្អ ដែលនាំឱ្យយើងទាំងអស់គ្នា ជាពិសេស យុវជន និងក្មួយៗសិស្សានុសិស្ស បានចូលសិក្សាស្វែងយល់អំពីតំបន់អង្គរកាលពីជាង៣០ឆ្នាំមុន ពោលគឺក្នុងរវាង ទសវត្សរ៍ទី៩០។ ពិតណាស់ ក្នុងគ្រានោះកម្ពុជាទើបនឹងទទួលបានសុខសន្តិភាពនៃនយោបាយឈ្នះឈ្នះ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែយ៉ាងណាក្ដី ក្រោយសង្គ្រាមបញ្ចប់ទៅ យើងទាំងអស់គ្នាដឹងហើយថា ប្រាសាទនិងរមណីដ្ឋានបុរាណ ជាច្រើនសុទ្ធតែត្រូវបានបំផ្លិចបំផ្លាញ ជីកកកាយពីសំណាក់ក្រុមឈ្មួយទុច្ចរិត ដែលក្នុងនោះរួមទាំងតំបន់អង្គរផង។ ដូច្នេះ កិច្ចការសំខាន់ ក្នុងការស្រោចស្រង់បេតិកភណ្ឌវប្បធម៌នៅពេលនោះ គឺការរៀបចំឯកសារបញ្ចូលតំបន់ អង្គរទៅក្នុងបញ្ជីអង្គការយូណេស្កូ រហូតទទួលបានជោគជ័យនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ជាការពិត “អង្គរ" មានអត្ថន័យធំធេងណាស់ ហើយក្នុងឱកាសនេះ សូមរំលឹកខ្លះអំពីអត្ថន័យ "អង្គរ" សម្រាប់ជាការស្វែងយល់ទូទៅ។ អត្ថន័យទី១ “អង្គរ” គឺជាសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ ចន្លោះពីសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៤នៃគ្រិស្តសករាជ ហើយដែលអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ តែងតែចាប់អារម្មណ៍ បំផុតលើវិសាលភាពទឹកដីដ៏ធំទូលាយនៃសម័យអង្គរ និងរចនាបថសិល្បៈជាដើម។ អត្ថន័យទី២ “អង្គរ” គឺជា អត្តសញ្ញាណខ្មែរដែលតែងបង្ហាញជាប់លើទង់ជាតិគ្រប់របបនយោបាយតាំងពីដើមរៀងមកដល់បច្ចុប្បន្ន។ អត្ថន័យ ទី៣ “អង្គរ” គឺជារមណីយដ្ឋានបុរាណវិទ្យាដែលមានវិសាលភាពយ៉ាងធំទូលាយ កំណត់ដោយព្រះរាជក្រឹត្យលេខ ០០១ ន.ស. ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៤ បន្ទាប់ពីបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ដោយបែងចែកតំបន់ គ្រប់គ្រងជា៥ គឺតំបន់ទី១ ជារមណីយដ្ឋានមានប្រាសាទ, តំបន់ទី២ ជាឧទ្យានបុរាណវត្ថុត្រូវការពារតំបន់, ទី៣ ជាទេសភាពវប្បធម៌ត្រូវការពារ, តំបន់ទី៤ ជាចំណុចមានសារៈសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា និង តំបន់ទី៥ គឺជាបរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ ហើយទាំងអស់ហៅជារួមថា “តំបន់អង្គរ"៕អត្ថបទ រដ្ឋា









