សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមលើការសាកល្បងរួមគ្នា លើប្រព័ន្ធការពារដែនសមុទ្រ ដែលមិនមានមនុស្សបញ្ជា ចំពេលមានក្តីបារម្ភ ជុំវិញការពង្រីកកងទ័ពជើងទឹករបស់ប្រទេសចិន ដោយគំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីអង់គ្លេស និងអូស្ត្រាលី លោក Grant Shapps និងលោក Richard Marles នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា។

ប្រទេសទាំង៣ បានបង្កើតកតិកាសញ្ញាសន្តិសុខ ដែលគេស្គាល់ថា AUKUS ក្នុងឆ្នាំ២០២១ ដែលនឹងជួយឲ្យអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់ ដូចជាប្រព័ន្ធស្វយ័ត បញ្ញាសិប្បនិមិត្ត (AI) ហើយនិងសមត្ថភាពអ៊ីនធឺណិត និងលឿនជាងសំឡេង។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Austin បាននិយាយថា៖ «យើងបានប្រើប្រាស់ប្រយោជន៍ពីវិស័យនវានុវត្តន៍ និងឧស្សាហកម្មផ្នែកការពារជាតិរៀងៗខ្លួន ដើម្បីអភិវឌ្ឍ និងផ្តល់ឲ្យនូវសមត្ថភាពកម្រិតខ្ពស់ ក្នុងគោលបំណងឲ្យអ្នកចម្បាំងរបស់យើងអាចស្តាប់ មើលឃើញ និងធ្វើសកម្មភាពប្រកបដោយការមានប្រៀបយ៉ាងដាច់ខាត។ ម្តងហើយម្តងទៀត AUKUS បង្ហាញថា យើងកាន់តែរឹងមាំជាមួយគ្នា។ ហើយជារៀងរាល់ថ្ងៃ យើងធ្វើដំណើរឆ្ពោះទៅកាន់តែកៀកនឹងចក្ខុវិស័យរួមរបស់យើង ក្នុងការមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ»។
ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយលើចំណុចជាក់លាក់នោះ មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំត្រីភាគីថា ការពិសោធន៍ និងសមយុទ្ធ មានពាក់ព័ន្ធនឹង «ប្រព័ន្ធមួយចំនួនធំ» ដោយបន្ថែមថា ប្រទេសទាំង៣ នឹងសាកល្បងនៅតំបន់ទាំងលើផ្ទៃ និងក្រោមសមុទ្រ ដែល «នឹងបង្កើតឲ្យមានភាពខុសគ្នាក្នុងការផ្តល់នូវសមត្ថភាពថ្មីដល់ការប្រយុទ្ធ នៅក្នុងសង្គ្រាម»។
ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ឡុងដ្រ៍ និងកង់បេរ៉ា កំពុងអភិវឌ្ឍប្រព័ន្ធ AI ទូទៅ ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹករបស់ពួកគេ។ ការផ្តោតលើដែនសមុទ្ររបស់ AUKUS នេះ ឆ្លុះបញ្ចាំងពីការបារម្ភកាន់តែខ្លាំងឡើង ដែលថា ប្រទេសចិនកំពុងវ៉ាសហរដ្ឋអាមេរិកលើផ្នែកអំណាចកងទ័ពជើងទឹក៕