បាល់ទាត់៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកសរសើរក្រុមសម្បូរដោយកីឡាករវ័យក្មេងខេត្តព្រៃវែងគឺជាក្រុមមួយដ៏ល្អ ហើយលោករំពឹងថា នៅថ្ងៃអនាគតក្រុមកូនពៅនៃលីគកំពូលកម្ពុជានេះ នឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត។

ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងដោយលទ្ធផល ១-០ ក្នុងពានរង្វាន់ League Cup 2021 នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកាលពីចុងសប្ដាហ៍កន្លងទៅ។ លោក Conor បានចាត់ទុកនេះគឺជាបទពិសោធន៍ថ្មីមួយ ក្នុងការប្រកួតជាមួយក្រុមសម្បូរកីឡាករក្មេងៗ និងមានគុណភាព បូកផ្សំជាមួយការរៀបចំបានល្អរបស់គ្រូបង្វឹក។ តែយ៉ាងណាលោកក៏រីករាយ សម្រាប់ជ័យជម្នះលើក្រុម ដែលមានកីឡាករជាប់ជម្រើសជាតិច្រើន ជាងក្រុមខ្លួននេះផងដែរ ។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ League Cup 2021 ក្រុមព្រះខ័នរាជស្វាយរៀងទើបប្រកួតបាន ១ប្រកួតប៉ុណ្ណោះដោយយកឈ្នះខេត្តព្រៃវែង ១-០ បន្ទាប់ពីប្រកួតដំបូងរបស់ពួកគេ ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីត្រូវបានលុបចោល។ ចំពោះប្រកួតបន្ទាប់ ក្រុមជើងឯករងលីគឆ្នាំចាស់នេះគ្រោងជួបជាមួយ ក្រុមកងយោធពលខេមរភូមិន្ទនាថ្ងៃទី១៩ ខែមិថុនាខាងមុខនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រកួតចុងក្រោយក្នុងពូល B៕
អត្ថបទ៖ លី ឈុនឡា