អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) បានហៅជម្លោះដែលកំពុងបន្តមាន នៅក្នុងតំបន់ហ្កាហ្សាថា ជា «សង្គ្រាមលើកុមារ» ដោយការលើកឡើងនេះ មាននៅក្នុងវីដេអូដែលថតចេញពីខាងក្នុងមន្ទីរពេទ្យ Nasser របស់តំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Instagram លោក James Elder បាននិយាយថា៖ «យើងមិនអាចឈរមើលកុមារជាច្រើនបន្ថែមទៀតរងរបួសដោយសារសង្រ្គាម រលាកខ្លួន អំបែងគ្រាប់ខ្ទាតត្រូវរាងកាយ និងបាក់ឆ្អឹងបានទៀតទេ។ ការនៅស្ងៀមមិនធ្វើអ្វីសោះរបស់ពួកអ្នកមានឥទ្ធិពល កំពុងបណ្ដោយឲ្យមានការសម្លាប់កុមារ។ នេះជាសង្រ្គាមលើកុមារ»។

ក្រុមអ្នកផ្ដល់ជំនួយ និងអង្គការសហប្រជាជាតិ (UN) និយាយថា ផ្នែកតូចមួយនៃកន្លែងថែទាំសុខភាព នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញ នៅតែដំណើរការ ហើយកន្លែងទាំងនោះមិនមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយរលកថ្មីនៃជនរងគ្រោះបាននោះទេ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ដែល UN ចាត់ទុកថា គួរឲ្យទុកចិត្ត បាននិយាយថា អ្នកស្រុកហ្កាហ្សាជាង ១៥.០០០នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ហើយរាប់ពាន់នាក់ទៀត កំពុងបាត់ខ្លួន និងមានការភ័យខ្លាចថា កប់នៅក្រោមគំនរបាក់បែក។ ជាមួយគ្នានេះ UN ប្រាប់ថា ប្រជាជន ៨០ភាគរយ អាចត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕