ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានប្រាប់ថា ផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃមុន តាមរយៈយានចម្លង នៅសហរដ្ឋអាមេរិកនោះ បានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ពោលគឺមានរយៈពេលត្រឹមតែជាង ១សប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍នៅក្នុងគន្លងជាលើកដំបូង។
ក្រុមហ៊ុន SpaceX នៅអាមេរិក បាននិយាយថា យានចម្លង Falcon 9 របស់ខ្លួន បានហោះចេញពីមូលដ្ឋានកងកម្លាំងទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅវេលាម៉ោង ១០ និង ១៩នាទី នាព្រឹកថ្ងៃសុក្រ។ ហើយក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ផ្កាយរណបនេះ បានបង្កើតទំនាក់ទំនងដោយជោគជ័យជាមួយស្ថានីយនៅដី នៅក្រៅប្រទេស។
ផ្កាយរណបចារកម្មនេះ គឺជាផ្កាយរណបដំបូង ក្នុងចំណោមផ្កាយរណបចំនួន៥ ដែលកូរ៉េខាងត្បូងគ្រោងដាក់ចូលក្នុងគន្លងតារាវិថីត្រឹមដំណាច់ឆ្នាំ២០២៥ ដោយប្រើយានចម្លងរបស់សហរដ្ឋអាមេរិក។ គេរំពឹងថា ផ្កាយរណបនេះ នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញក្នុងរយៈពេលពី ៤ ទៅ ៦ខែ។ នេះបើយោងតាមប្រភពពីយោធាកូរ៉េខាងត្បូង។
នៅមុននេះ កូរ៉េខាងជើងបានប្រាប់ថា ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួន បានចូលទៅក្នុងគន្លងតារាវិថី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃសុក្រ (ទី១ ខែធ្នូ)៕