ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី BNPB បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង១១នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏គំហុកបានវាយប្រហារនៅជិតបឹង Toba ក្នុងខេត្តស៊ូម៉ាត្រា ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី ស្របពេលមានមនុស្សជាច្រើននាក់ត្រូវបានជម្លៀសចេញ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។
ទីភ្នាក់ងារគ្រោះមហន្តរាយ ខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ថ្ងៃទី ២ខែធ្នូ ថា ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់យ៉ាងគំហុកកាលពីល្ងាចថ្ងៃសុក្រ ទី១ ធ្នូ បានវាយប្រហារតំបន់ស្ថិតនៅច្រាំងសមុទ្រមួយនេះ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នង ព្រះវិហារ សាលារៀន និងសណ្ឋាគារមួយ ។
ទីភ្នាក់ងារនេះបាននិយាយថា មនុស្សប្រហែល ៣៥០ នាក់ដែលប្រើប្រាស់ឧបករណ៍ធុនធ្ងន់កំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ខណៈមនុស្សប្រហែល២០០ នាក់ត្រូវបានជម្លៀសចេញ។
គួររម្លឹកថា បឹង Toba ដែលជាបឹងភ្នំភ្លើងដ៏ធំបំផុតរបស់ពិភពលោក គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូនេស៊ី និងភ្ញៀវទេសចរអន្តរជាតិ៕


