ប្រទេសអារ៉ាប់រួម និងអង្គការសប្បុរសធម៌ជាច្រើន នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ បានផ្តល់ហិរញ្ញប្បទានចំនួន៧៧៧លានដុល្លារអាមេរិក សម្រាប់ការលុបបំបាត់ជំងឺត្រូពិកដែលត្រូវបានគេមិនអើពើ ហើយត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរខណៈសីតុណ្ហភាពកើនឡើង។

ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP28 លោក Sultan Ahmed Al-Jaber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កត្តាជាច្រើនទាក់ទងនឹងអាកាសធាតុ បានក្លាយទៅជាការគំរាមកំហែងធំបំផុតមួយចំពោះសុខភាពមនុស្សនៅក្នុងសតវត្សរ៍ទី២១នេះ។

ការសន្យា ដែលទទួលបាននៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 កាលពីថ្ងៃអាទិត្យ បានផ្តោតលើហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុ រួមមានថវិកា១០០លានដុល្លារអាមេរិកពីប្រទេសអារ៉ាប់រួម និង១០០លានដុល្លារផ្សេងទៀតពីមូលនិធិ Bill and Melinda Gates ហើយប្រទេសផ្សេងទៀតនឹងប្រកាសអំពីមូលនិធិសម្រាប់បញ្ហាសុខភាពទាក់ទងនឹងអាកាសធាតុ រួមមានប្រទេសបែលហ្សិក អាល្លឺម៉ង់ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។
ធនាគារពិភពលោក បានចាប់ផ្តើមកម្មវិធីមួយដើម្បីស្វែងរកវិធានការគាំទ្រដែលអាចធ្វើទៅបានសម្រាប់សុខភាពសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលហានិភ័យសុខភាពទាក់ទងនឹងអាកាសធាតុមានកម្រិតខ្ពស់ជាពិសេស។ បន្ទុកនៃជំងឺត្រូពិកនឹងកាន់តែធ្ងន់ធ្ងរទៅៗ ខណៈពិភពលោកកាន់តែឡើងកម្តៅ រួមជាមួយនឹងការគំរាមកំហែងសុខភាពដែលជំរុញដោយអាកាសធាតុផ្សេងទៀត រួមមានកង្វះអាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ រាគ និងភាពតានតឹងដោយសារកម្តៅ។
ប្រទេសជាង ១២០ បានចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ដោយទទួលស្គាល់ចំពោះការទទួលខុសត្រូវរបស់ពួកគេក្នុងការរក្សាសុវត្ថិភាពប្រជាជន ក្នុងពេលមានការឡើងកម្តៅផែនដីសកល។