វីដេអូ ដែលត្រូវបានថតនៅថ្ងៃចន្ទនេះ បានបង្ហាញពីអាកាសយានដ្ឋាន Chennai មានមនុស្សច្រើន ខណៈរដ្ឋធានីរបស់រដ្ឋ Tamil Nadu របស់ឥណ្ឌា ប្រឈមភ្លៀងធ្លាក់ខ្លាំង មុនព្យុះស៊ីក្លូន Michaung ដែលនឹងវាយបក់មកដល់ដីគោក។
ឃ្លីបវីដេអូមួយ បានបង្ហាញយន្តហោះក្រុមហ៊ុនអាកាសចរណ៍ IndiGo ចតនៅលើផ្លូវ ក្នុងពេលមានភ្លៀង ធ្លាក់ខណៈអ្នកដំណើរដែលជាប់គាំងដំណើរបានឈររង់ចាំ។ មនុស្សជាច្រើន ត្រូវបានគេមើលឃើញកំពុងតម្រង់ជួរនៅកន្លែងឆែកសំបុត្រ និងកន្លែងពិនិត្យ។
នៅថ្ងៃចន្ទនេះ អាជ្ញាធរបានបិទសាលារៀន និងការិយាល័យ ផ្អាកជើងហោះហើរ និងបានជម្លៀសពលរដ្ឋនៅតាមតំបន់ឆ្នេរ មុនពេលព្យុះស៊ីក្លូនដ៏មានឥទ្ធិពលដែលត្រូវបានគេរំពឹងទុកថានឹងវាយបក់ដល់ដីគោក ក្នុងរយៈពេល២៤ម៉ោងក្រោយនេះ ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង។
ការិយាល័យអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះស៊ីក្លូន Michaung ត្រូវបានគេរំពឹងថានឹងមកដល់ឆ្នេររដ្ឋ Andhra Pradesh ប្រទេសឥណ្ឌាភាគខាងត្បូងនៅព្រឹកថ្ងៃអង្គារ ដោយមានខ្យល់បក់៩០ ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះខ្យល់រហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅក្នុងរដ្ឋ Tamil Nadu អាជ្ញាធរបានប្រកាសការឈប់សម្រាកសាធារណៈនៅក្នុងស្រុកនៃតំបន់ឆ្នេរចំនួន៤ និងស្នើឲ្យពលរដ្ឋនៅក្នុងទីក្រុង Chennai រដ្ឋធានីរបស់រដ្ឋនេះ កុំធ្វើដំណើរចេញក្រៅបើមិនចាំបាច់។