ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុវត្តបានជោគជ័យប្រព័ន្ធផលិតកម្ម ហៅកាត់ថា LEAN Manufacturing ដែលជួយលើកកម្ពស់ផលិតភាពសហគ្រាសធនតូចនិងមធ្យម (SME)នៅកម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី "វដ្ដនៃគុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEAN ដើម្បីលើកកម្ពស់ផលិតភាព សហគ្រាស ធនតូចនិងមធ្យម (SME) តាមរយៈប្រព័ន្ធ (Zoom Cloud Meeting) នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២១ ថា បើទោះបីមានវិបត្តិសុខភាពសាកលកូវីដ-១៩ យ៉ាងណាក្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតែបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីជួយស្តារស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន និងសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ។
ជាក់ស្តែងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ មជ្ឈមណ្ឌលផលិតភាពជាតិ សហការជាមួយអង្គការផលិតភាពអាស៊ី (APO) បានសាកល្បងអនុវត្តគម្រោងផ្តោតលើផលិតកម្ម LEAN (LEAN Manufacturing) ទៅលើក្រុមហ៊ុនគំរូចំនួន ៣ តាមរយៈការផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ខ្លះ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីវាស់វែងនៃវិធីសាស្ត្រផលិតភាព ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា តាមរយៈការរៀនសូត្រពីបទពិសោធន៍ទាំងនេះ ឃើញថា ប្រព័ន្ធផលិតកម្ម LEAN ផ្តោតលើការបង្កើនសកម្មភាពផ្តល់តម្លៃបន្ថែមជូនអតិថិជនរបស់ខ្លួន ហើយកាត់បន្ថយសកម្មភាព នឹងបានផ្តល់តម្លៃបន្ថែមឲ្យបានកាន់តែខ្ពស់ ដែលកន្លងមកសកម្មភាពផ្តល់តម្លៃបន្ថែមនេះ តាមរយៈការអនុវត្តរបស់ក្រុមហ៊ុននានា មានមិនបានដល់ ៣% នោះឡើយ ដែលជាការធ្វើឲ្យក្រុមហ៊នចំណាយរហូតដល់ ៩៧% លើសកម្មភាពដែលពុំបានផ្តល់តម្លៃបន្ថែមជូនអតិថិជន ដែលនេះជាការខាតបង់យ៉ាងច្រើនសម្បើម, បើសហគ្រាសអាចបង្កើនសកម្មភាពផ្តល់តម្លៃបន្ថែមដល់ ៥% ឬដល់ ១០% នោះ សហគ្រាសនឹងអាចទទួលបានជោគជ័យ នឹងក្លាយជាសហគ្រាសឆ្នើមផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី