មន្ត្រីជាន់ខ្ពស់នៅអង្គការសហប្រជាជាតិកំពុងព្រមានអំពីស្ថានភាពដ៏មហន្តរាយកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម ដោយគ្មានកន្លែងសុវត្ថិភាពត្រូវទៅទេសម្រាប់ជនស៊ីវិល ខណៈសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស បានរាលដាលទៅភាគខាងត្បូង ជាទីដែលមនុស្សជាច្រើន ធ្លាប់បានស្វែងរកកន្លែងជ្រកកោន ។

លោក ម៉ាទីន គ្រីនហ្វីត (Martin Griffiths) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការផ្ដល់ជំនួយគ្រាអាសន្នរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រាល់ពេលដែលយើងគិតថាមិនចង់ឲ្យមានគ្រោះមហន្តរាយកាន់តែអាក្រក់កើតឡើងនៅក្នុងតំបន់ហ្កាហ្សា ស្ថានភាពទាំងនោះបានកើតឡើង ។

លោកនិយាយថា មនុស្សត្រូវបានគេបញ្ជាឲ្យផ្លាស់ទីម្តងទៀត ដោយមានធនធានតិចតួចប៉ុណ្ណោះដើម្បីបន្តរស់ ដោយបង្ខំឲ្យរើសយកជម្រើសមួយដែលមិនអាចទៅរួចបន្ទាប់ពីជម្រើសផ្សេងទៀត។
លោកក៏បាននិយាយថា ការមិនយកចិត្តទុកដាក់ទាល់តែសោះចំពោះមនុស្សជាតិជាចម្បងត្រូវតែបញ្ឈប់។
អ៊ីស្រាអែលបាននិងកំពុងបង្កើនការទម្លាក់គ្រាប់បែកតាមអាកាសលើតំបន់ហ្កាហ្សាភាគខាងត្បូង តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ហើយបាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួននឹងពង្រីកប្រតិបត្តិការថ្មើរជើងលើដែនដីនេះទាំងមូល។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវដល់ កងកម្លាំងការពារអ៊ីស្រាអែល ឱ្យជួយសង្គ្រោះជនស៊ីវិលកុំឲ្យរងទុក្ខបន្ថែមទៀត រួមទាំងបុគ្គលិកសុខាភិបាល អ្នកសារព័ត៌មាន បុគ្គលិកអង្គការសហប្រជាជាតិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវតែត្រូវបានការពារគ្រប់ពេលវេលា៕