សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានប្ដេជ្ញាចិត្តថានឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គមនេះបន្តទៀត ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។

សម្ដេចធិបតីមានប្រសនាស៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចេញដំណើរតាំងពីថ្ងៃដំបូងដោយផ្តល់ការគិតគូរខ្ពស់ចំពោះសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនោះការកសាងប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមហរណកម្ម និងស្វ័យប្រវត្តិកម្ម មានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្នឬវិបត្តិ អនុលោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី ជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ, កុមារតូច និងជនមានពិការភាពក្រីក្រតាម សហគមន៍គោលដៅនានា។ ដូច្នេះរាជរដ្ឋភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តក្នុងការបន្តអនុវត្តនៅកម្មវិធីគោលនយោបាយជំនួយសង្គមនេះ ដើម្បីជួយគាំទ្រដល់ជីវភាព សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំហានៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ, ការបន្តទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ លើសពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាការប្រមូលផ្ដុំកម្មវិធីជំនួយសង្គមមានលក្ខណៈជាការឧបត្ថម្ភសាច់ប្រាក់ឱ្យមកអនុវត្ត ក្រោមប្រតិបត្តិករទោលមួយក្នុងគោលដៅពង្រឹងអភិបាលកិច្ច និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្កើនសង្គតិភាព និងពង្រីកការគ្របដណ្តប់កាន់តែទូលំទូលាយដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងគ្រួសារនោះ៕ អត្ថបទ៖ វ៉ន ដារ៉ា


