
អ្នកស្រុកនៅទីក្រុងខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប កំពុងអស់សង្ឃឹមចំពោះការខូចខាតបរិស្ថាន ដែលត្រូវបានបង្កឡើងនៅក្នុងទីក្រុងនេះ បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសុក្រ ដោយសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ហើយដើមឈើកំពុងត្រូវបានកាប់ដើម្បីប្រើប្រាស់ជាអុសដុត។
ដោយជាតំបន់មួយដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក តំបន់ហ្កាហ្សា ជាធម្មតាបានបញ្ជូនសំរាមប្រហែល ១៦.០០០តោន ទៅកន្លែងចាក់សំរាម និងបានបញ្ចេញទឹកដែលធ្វើប្រព្រឹត្តិកម្មរួចប្រហែល ១២០.០០០ម៉ែត្រគូប ចូលទៅក្នុងសមុទ្រជារៀងរាល់ថ្ងៃមុនពេលមានការផ្ទុះឡើងនៃជម្លោះនាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងនេះក្តី ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន សំរាម និងទឹកសំណល់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនអាចបោះចោលបានត្រឹមត្រូវទេ ដោយសារការវាយប្រហារតាមផ្លូវអាកាសជាថ្មី ដែលក្រៅពីការគំរាមកំហែងដល់សុវត្ថិភាពអ្នកស្រុក ក៏កំពុងបំផ្លាញបរិស្ថានក្នុងតំបន់ផងដែរ។
អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយថា មានការកើនឡើងករណីជំងឺរាគ និងជំងឺផ្លូវដង្ហើមក្នុងចំណោមកុមារនៅហ្កាហ្សា ដោយសារមនុស្សជាច្រើនត្រូវបានបង្ខំឱ្យផឹកទឹកដែលមិនមានសុវត្ថិភាព និងស្រូបឧស្ម័នដែលបង្កគ្រោះថ្នាក់។ អង្គការ WHO ថែមទាំងបានព្រមានថា ការផ្ទុះឡើងនៃជំងឺអាចនឹងឆក់យកជីវិតមនុស្សច្រើនជាងការបាត់បង់ក្នុងអំឡុងពេលការវាយប្រហារដោយគ្រាប់បែកទៅទៀត ប្រសិនបើប្រព័ន្ធសុខាភិបាលក្នុងតំបន់មិនអាចស្តារឡើងវិញបាន៕