
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងត្បូង បានបាញ់ដោយជោគជ័យយានចម្លងដើរដោយថាមពលឥន្ធនៈរឹងផ្ទុកផ្កាយរណបលើសមុទ្រជិតកោះ Jeju ស្របពេលមានការប្រកួតប្រជែងទីអវកាសកើនឡើងជាមួយប្រទេសជិតខាងកូរ៉េខាងជើង ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាការសាកល្បងដោយជោគជ័យជាលើកទី ៣នូវបច្ចេកវិទ្យារ៉ុក្កែត ក្រោយការបាញ់សាកល្បង ២លើកកាលពីខែមីនា និងខែធ្នូ ឆ្នាំ ២០២២ ហើយនិងពាក់ព័ន្ធជាមួយបច្ចេកវិទ្យាអភិវឌ្ឍនៅទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិគ្រប់គ្រងដោយរដ្ឋ និងផ្កាយរណបផលិតឡើងដោយក្រុមហ៊ុន Hanwha Systems របស់កូរ៉េខាងត្បូង ។
ក្រុមហ៊ុន Hanwha Systems និយាយថា ផ្កាយរណបដែលនឹងប្រើប្រាស់ក្នុងគោលបំណងស៊ីវិល រួមទាំងការតាមដានបិរស្ថាន បានបញ្ជូនសញ្ញាដោយជោគជ័យមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងនៅលើផែនដី ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានកោតសរសើរការបាញ់នេះថាជាការសម្រេចព្រឹត្តការណ៍ជាប្រវត្តិសាស្រ្ត ក្រោយទីក្រុងព្យុងយ៉ាង បាញ់បង្ហោះផ្កាយរណបយោធាលើកដំបូងរបស់ខ្លួន ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ចាត់ទុកថាជាការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល ដែលបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕