ព្រះវិហារ៖ "ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់" ជាប្រធានបទមួយក្នុងយុទ្ធនាការ បរិច្ចាកឈាមវិលជុំនៅ តាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយ សង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោម ប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែង អំណរគុណចំពោះវត្តមានកងកម្លាំងទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគ ឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។
ឯកឧត្តមបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភព ឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ព្រះវិហារយើងក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។
ជាមួយនេះ យុទ្ធនាការបរិច្ចាកឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មាន អត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ទី១.បង្កើតទម្លាប់ និង វប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូល រួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយ គ្មានការរើសអើង ទី២.ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្ម ភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។
បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នក បរិច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជា ច្រើនទៀត ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់៕









