ត្បូងឃ្មុំ៖ ការសាបព្រោះដាំដុះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ឆ្នាំនេះ ហាក់មានភាព យឺតយ៉ាវ ជាងឆ្នាំមុន ដែលការយឺតយ៉ាវនេះ ត្រូវបានមន្រ្តីជំនាញ និងប្រជាពលរដ្ឋនិយាយថា ដោយសារតែមានភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សា និងដោយសារការប្រមូលស្រូវវស្សា ក៏មានភាពយឺតយ៉ាវ ដែលរហូតមក ដល់ពេលនេះ ស្រូវវស្សាប្រភេទស្រូវធ្ងន់ខ្លះ មិនទាន់បានច្រូតកាត់នៅឡើយទេ។

កសិករ បាននិយាយថា បើទោះបីការសាបព្រោះដកស្ទូងមានសភាពយឺតយ៉ាវបន្តិចក្ដី ក៏មិនប៉ះ ពាល់ដល់ការងារបង្កបង្កើនផលដែរ។ មិនប៉ះពាល់ ដោយសារ បច្ចុប្បន្ននេះ តាមស្រែប្រជាពលរដ្ឋមួយចំនួនធំ មានអណ្តូងទឹក ដែលអាចបូមស្រោចស្រពស្រូវបានគ្រប់ពេល ទោះបីគ្មានភ្លៀង ។
តែកសិករមួយចំនួន បានឱ្យដឹងថា ការធ្វើស្រូវវស្សា ប្រភេទស្រូវកណ្តាល ឆ្នាំនេះ បាត់បង់ទិន្នផល ច្រើនជាងឆ្នាំមុន ព្រោះស្រូវដួលពិបាកច្រូត តែឆ្នាំនេះ ស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន គឺអាចលក់បានចន្លោះ ពី១១៥០រៀល ទៅ១២៥០រៀល ក្នុងមួយគីឡូក្រាម ។ បើសិនស្រូវនៅតែមានតម្លៃបែបនេះ ការប្រមូល ផលស្រូវប្រាំង ប្រភេទស្រូវស្រាល នៅពេលខាងមុខ គឺអាចទទួលបានប្រាក់ចំណេញ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការងារបង្កបង្កើន ផលស្រូវរដូវប្រាំង ឆ្នាំ២០២៤ មកដល់ពេលនេះ គឺភ្ជួររាស់បានជាង៦០០០ហិកតា ស្មើនឹងជាង៤៩ភាគរយ នៃផែនការដាំដុះ និងដាំដុះសម្រេចបានជាង៥,៨០០ហិកតា ស្មើនឹងជាង៤៥ភាគរយ យឺតជាងឆ្នាំមុន ជាង៣,៧០០ហិកតា ។ ការយឺតយ៉ាវនេះ បណ្តាលមកពីក្នុងឆ្នាំនេះ របបទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ ចំនួន២លើក ធ្វើឱ្យរបបទឹក បានហូរចូលទៅក្នុងបឹង និងតំបន់ផ្ទៃរងរបបទឹកទន្លេមេគង្គជាថ្មី ។ ម្យ៉ាងវិញទៀតនៅចុងរដូវវស្សាឆ្នាំនេះ ពោលគឺក្នុងខែកញ្ញា និងខែតុលា ខេត្តត្បូងឃ្មុំ បានទទួលរងនូវជ្រលងសម្ពាធទាបបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរស្ទើរជារៀងរាល់ថ្ងៃ៕
