ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអង្គារបានបញ្ជាឱ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់ លើការវាយប្រហារដោយយានដ្រូនយោធាកាលពីចុងសប្តាហ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់ និងរងរបួស៦៦នាក់ មានចម្ងាយប្រហែល១០០ម៉ាយស៍ភាគខាងជើងរដ្ឋធានីរបស់ប្រទេសក្នុងរដ្ឋ Kaduna ។ តួលេខនេះបានមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ទោះបីជាសាក្សីបាននិយាយថា មនុស្សច្រើននាក់ទៀតបានស្លាប់ក៏ដោយ។

លោក Tinubu បានចាត់ទុកករណីនេះថា ជាឧបទ្ទវហេតុបំផ្ទុះគ្រាប់បែក ដែលលោកនិយាយថា «គ្រោះអកុសល មហន្តរាយ និងឈឺចាប់» ។ មេបញ្ជាការទ័ពរបស់ប្រទេស បានសុំអភ័យទោសចំពោះការវាយប្រហារតាមអាកាស និងបានសន្យាថានឹងបង់ថ្លៃមន្ទីរពេទ្យសម្រាប់អ្នករបួសទាំងនោះ។ យានដ្រូនបានវាយប្រហារពលរដ្ឋនៅសហគមន៍ Tudun Biri ដែលកំពុងចូលរួមក្នុងការប្រារព្ធពិធី Maulud មូស្លីម ប្រចាំឆ្នាំ។

ពលរដ្ឋកំពុងប្រារព្ធពិធីបុណ្យ Maulud នៅពេលនោះយន្តហោះមកដល់ ហើយបានទម្លាក់គ្រាប់បែក មួយចំនួនបានស្លាប់ មួយចំនួនរងរបួស ហើយពួកគេបានរត់ចូលទៅក្នុងលំនៅឋាន។ នៅពេលមនុស្សជាច្រើននៅក្នុងភូមិបានលឺនូវអ្វីដែលបានកើតឡើង ពួកគេក៏នាំគ្នាចេញមកពិនិត្យមើល ហើយនៅពេលនោះ ការទម្លាក់គ្រាប់លើកទី២ បានផ្ទះឡើង បណ្តាលឲ្យមនុស្សជាច្រើននាក់បន្ថែមទៀតបានស្លាប់។
ឧបទ្ទវហេតុនេះ បង្ហាញពីការវាយប្រហារតាមអាកាសយ៉ាងឃោឃៅដោយយោធារបស់ប្រទេសនីហ្សេរីយ៉ា និងជាការវាយប្រហារចុងក្រោយដែលបានសម្លាប់ជនស៊ីវិល។ តំបន់ដែលការវាយប្រហារបានកើតឡើង ជាតំបន់ដែលកំពុងត្រូវបានគេរិះរកមធ្យោបាយដោះស្រាយបញ្ហាការចាប់ពង្រត់ និងឃាតកម្ម ធ្វើឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលកងកម្លាំងសន្តិសុខបាននិងកំពុងកំណត់គោលដៅ ដោយប្រើប្រាស់ការវាយប្រហារតាមអាកាស។
អ្នកនាំពាក្យកងទ័ពបាននិយាយថា កងទ័ពដែលអនុវត្តការល្បាតតាមអាកាស បានតាមដានមើលមនុស្សមួយក្រុម ហើយបានវិភាគខុស និងបកស្រាយខុសនូវគំរូសកម្មភាពរបស់ពួកគេ ថាស្រដៀងទៅនឹងក្រុមចោរព្រៃ មុនពេលមានការវាយប្រហារដោយយានដ្រូន។