វាយកូនបាល់៖ ម្ចាស់ជើងឯក Grand Slam ២០លើក Roger Federer បានចាប់ផ្ដើមការត្រៀមខ្លួនការប្រកួត Wimbledon ឆ្នាំនេះជាមួយនឹងជ័យជំនះជុំដំបូងនៅការប្រកួតកម្មវិធី Halle Open ក្នុងទឹកដីអាល្លឺម៉ង់។

នេះជាប្រកួតដំបូងរបស់កីឡាករស្វ៊ីសរូបនេះ តាំងពីដកខ្លួនពីការប្រកួត Grand Slam, French Open កាលពីដើមខែត្រឹមជុំទី៣ ដោយសារបារម្ភខ្លាចមានរបួស។ Federer ដែលជាជើងឯកនៅ Halle Open ១០លើកបានយកឈ្នះកីឡាករបេឡារុស Ilya Ivashka ៧-៦(៧-៤) និង ៧-៥។ Halle Open ជាកម្មវិធីទី៥ ហើយដែល Roger Federer ចូលរួមប្រកួតតាំងពីជាសះស្បើយ ពីការវះកាត់របួសជង្គង់ពីរលើកកាលពីឆ្នាំ២០២០។ នេះក៏ជាការប្រកួតនៅលើទីលានស្មៅលើកដំបូងដែរ បន្ទាប់ពីចុងក្រោយបំផុតចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ Wimbledon ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹងចាប់ផ្ដើមនៅចុងខែមិថុនានេះហើយ៕
អត្ថបទ៖នាង សុភាវុធ