ប្រទេសចិន បាននិយាយថា រដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន គួរតែធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះទម្រង់នៃអភិបាលកិច្ចរបស់ខ្លួន ដើម្បីឲ្យទីក្រុងប៉េកាំងទទួលស្គាល់ជាផ្លូវការ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួង បានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃ កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប៉េកាំងថា៖«យើងរំពឹងថា អាហ្វហ្គានីស្ថាន នឹងឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងអនុវត្តគោលនយោបាយកម្រិតមធ្យម មានការផ្លាស់ប្តូរជាមិត្តភាព និងការចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសដទៃទៀត ក្នុងពិភពលោក ហើយត្រឡប់ទៅគ្រួសារដ៏ធំនៃពិភពលោកវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក Wang បាននិយាយថា ប្រសិនបើលក្ខខណ្ឌទាំងនោះ ត្រូវបានបំពេញ«វាជារឿងធម្មតាសម្រាប់ចិនក្នុងការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។ «ប្រទេសចិន តែងតែជឿថា អាហ្វហ្គានីស្ថាន មិនគួរត្រូវបានដកចេញពីសហគមន៍អន្តរជាតិឡើយ»។
ការអត្ថាធិប្បាយនេះ បង្ហាញពីការផ្លាស់ប្តូរដ៏តូចមួយ ក្នុងគោលជំហររបស់ចិនចំពោះក្រុមតាលីបង់ ពី ព្រោះទីក្រុងប៉េកាំង ធ្លាប់បាននិយាយថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងកិច្ចការរបស់អាហ្វហ្គានីស្ថានទេ។ ចាប់តាំងពីការទម្លាក់រដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឡើងកាន់អំណាចនៅឆ្នាំ ២០២១ អាហ្វហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ មិនទាន់ទទួលបានការទទួលស្គាល់ផ្នែកការទូតពេញលេញពីប្រទេសណាមួយឡើយ ភាគច្រើនដោយសារតែគោលនយោបាយគាបសង្កត់របស់ខ្លួនចំពោះស្ត្រី រួមទាំងការហាមឃាត់ពួកគេពីការអប់រំ និងការងារ។