
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាតំបន់ហ្កាហ្សា នឹងត្រូវបន្តគ្មានយោធា និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល សម្រាប់រយៈពេលបន្តទៀត។ លោកបានបន្ថែមថាកងកម្លាំងការពាររបស់អ៊ីស្រាអែល IDF គឺជាស្ថាប័នតែមួយគត់ដែលមានសមត្ថភាពធានាឱ្យមានសណ្តាប់ធ្នាប់គ្មានយោធាពិតប្រាកដនៅក្នុងតំបន់នេះ ដោយរារាំងក្រុមហាម៉ាស ពីការបង្កើតឡើងវិញ។
លោកណេតាន់យ៉ាហ៊ូ និយាយថា «មិនមានកម្លាំងអន្តរជាតិណាមួយអាចទទួលខុសត្រូវចំពោះរឿងនេះទេ។ ខ្ញុំមិនអាចមិនខ្វល់ ហើយទទួលយកការរៀបចំផ្សេងទៀតនោះឡើយ»។
កងកម្លាំងអ៊ីស្រាអែល បានវាយលុកទីក្រុងសំខាន់នៅហ្កាហ្សាភាគខាងត្បូងកាលពីថ្ងៃអង្គារ នៅក្នុងអ្វីដែលពួកគេហៅថាជាថ្ងៃនៃការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតក្នុងប្រតិបត្តិការជើងគោកប្រាំសប្តាហ៍ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស ហើយមន្ទីរពេទ្យជាច្រើនបានជួបការលំបាកក្នុងការទប់ទល់នឹងចំនួនអ្នកស្លាប់ និងរបួសជាច្រើននាក់របស់ប៉ាឡេស្ទីន។
អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការរបស់ខ្លួនក្នុងការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយលុកតាមទីក្រុងនានារបស់អ៊ីស្រាអែល ហើយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ ថាយ៉ាងហោចណាស់មនុស្ស ១៦.២៤៨នាក់ ក្នុងនោះមានកុមារចំនួន ៧.១១២នាក់ និងស្ត្រី ៤.៨៨៥នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយសកម្មភាពយោធាអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា មកខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន និងបារម្ភថាត្រូវកប់នៅក្រោមគំនរបាក់បែក៕