
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា ក្រុមហាម៉ាស បានរំលោភស្ត្រីជាច្រើនដង និងបំបែកសាកសពរបស់ពួកគេក្នុងអំឡុងពេលការវាយលុកនៅថ្ងៃទី ៧ ខែតុលា របស់ខ្លួនលើភាគខាងត្បូងអ៊ីស្រាអែល ដោយសំអាងដល់អ្នកនៅរស់រានមានជីវិត និងសាក្សីនៃការវាយប្រហារ។
ថ្លែងនៅក្នុងកម្មវិធីរៃអង្គាសថវិកានយោបាយនៅទីក្រុងបូស្តុន (Boston) លោក បៃដិន បាននិយាយថា «ភាពឃោរឃៅដែលមិនអាចនឹកស្មានដល់» ជាច្រើនត្រូវបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោក បៃដិន បាននិយាយថា «តាមរបាយការណ៍នៃស្ត្រីត្រូវបានគេរំលោភ រំលោភម្តងហើយម្តងទៀត ហើយសាកសពរបស់ពួកគេត្រូវបានកាត់ផ្តាច់ទាំងរស់ និងសាកសពស្ត្រីត្រូវបានគេបន្ទាបបន្ថោក បានឲ្យដឹងថា ពួកភេរវករហាម៉ាស បានបង្កការឈឺចាប់ និងការរងទុក្ខវេទនាជាច្រើនលើស្ត្រី និងក្មេងស្រីតាមដែលអាចធ្វើទៅបាន ហើយបន្ទាប់មកសម្លាប់ពួកគេ នេះវាពិតជាគួរឱ្យរន្ធត់ណាស់»។
លោកប្រធានាធិបតីអាមេរិករូបនេះបានអំពាវនាវឱ្យអង្គការអន្តរជាតិ សង្គមស៊ីវិល និងបុគ្គលនានាថ្កោលទោសអំពើហឹង្សាផ្លូវភេទ «ដោយគ្មានករណីលើកលែង»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានថ្កោលទោសការប៉ុនប៉ងរបស់លោក បៃដិន ក្នុងការចោទប្រកាន់ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនពីបទប្រព្រឹត្តអំពើហឹង្សាផ្លូវភេទ និងការរំលោភកាលពីថ្ងៃទី៧ ខែតុលា។
នគរបាលអ៊ីស្រាអែលកំពុងស៊ើបអង្កេតលើលទ្ធភាពឧក្រិដ្ឋកម្មផ្លូវភេទក្នុងចំណោមមនុស្សជាងពីររយនាក់ដែលពួកគេបានចាប់ខ្លួនបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា។ ក្រសួងយុត្តិធម៌របស់អ៊ីស្រាអែល បាននិយាយថា «ជនរងគ្រោះជាច្រើនត្រូវបានគេធ្វើទារុណកម្ម បៀតបៀនលើរាងកាយ រំលោភ ដុតទាំងរស់ និងបំបែកសាកសពជាដើម»៕