ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សាការងារអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវថា កម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម និងមានលទ្ធភាពផ្គត់ផ្គង់ផលិតផលកសិកម្មជាច្រើន ជាពិសេសអង្ករដែលមានគុណភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀងដល់សិង្ហបុរី។ សម្រាប់ឯកឧត្តម ការធានាសន្តិសុខស្បៀងដល់ប្រទេសសិង្ហបុរី គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី មិនមែនធ្វើឡើងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចឡើយ។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ប្រាប់ លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីផងដែរ អំពីកម្មវិធីគោលនយោបាយកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលនឹងជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ស្របតាមស្តង់ដា និងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងជ្រើសរើសនិងឈានទៅដាក់ពង្រាយមន្ត្រីកសិកម្មតាមភូមិឃុំ ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗរបស់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេស៕ ដោយ ៖ បូរ់ាវី





